Thursday 10 December 2009

ក្រមសីលធម៌


ក្រមសីលធម៌

ការ​ប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​វិជ្ជាជីវៈ​សារព័ត៌មាន​ខ្ពស់​គឺ​ជា​ចំណុច​ស្នូល​នៃ​បេសកកម្ម​របស់​វិទ្យុ​អាស៊ីសេរី ។

ព័ត៌មាន​ដែល​ត្រូវ​ផ្សាយ​លើ​រលក​ធាតុ​អាកាស ​និង​នៅ​លើ​ប្រព័ន្ធ​អ៊ិនថឹណិត ហើយ​និង​កម្មវិធី​ផ្សេងៗ​ទៀត​របស់​យើង​ត្រូវ​តែ​មាន​លក្ខុណៈ​សុក្រឹត ត្រឹម​ត្រូវ និង​មាន​តុល្យភាព។

ភាពចម្រុះ​នៃ​គំនិត និង​មតិយោបល់

យើង​ត្រូវ​តែ​រក្សា​នូវ​របៀប​និយាយ​ដែល​មាន​លក្ខណៈ​ ស្ងប់​ស្ងៀម និង​មិន​លាយឡំ​មនោសញ្ចេតនា​ឡើយ ហើយ​យើង​ក៏​ត្រូវ​ចៀស​វាង​ការ​បង្ក​ជម្លោះ ការឃោសនា និង​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទៅ​លើ​បុគ្គល​ណាម្នាក់ ក្រុម​ណាមួយ ឬក៏​រដ្ឋាភិបាល​ណា​មួយ​ផង​ដែរ ។ យើង​នឹង​មិន​បង្គាប់​បញ្ជា ឬក៏​និយាយ​មើល​ងាយ​អ្នក​ស្ដាប់​របស់​យើង​ឡើយ ។

យើង​មិន​ត្រូវ​ញុះញង់​អ្នក​ស្ដាប់​ឲ​បង្ក​អំពើ​ ហិង្សា ឬក៏​ជំរុញ​ឲ​មាន​ការ​បះ​បោរ ឬក៏ ការ​ចាក​ចោល​ស្រុក​នោះ​ឡើយ ។ យើង​បង្កើត​ជា​វេទិកា​សម្រាប់​ការបញ្ចេញ​មតិ និង​យោបល់​ផ្សេងៗ ពី​គ្រប់​មជ្ឈដ្ឋាន ។

ទាំង​និពន្ធ​នាយក​នៃ​គេហ​ទំព័រ​វ៉ិបសាយ និង​ទាំង​អ្នក​ផ្សាយ​ព័ត៌មាន​តាម​រលក​ធាតុ​អាកាស ត្រូវ​តែ​ធានា​ថា ព័ត៌មាន​ដែល​ត្រូវ​ផ្សាយ ឬក៏​ត្រូវ​បោះ​ពុម្ព​លើ​គេហទំព័រ មិន​មែន​ជា​ព័ត៌មាន​ចចាម​អារ៉ាម ឬក៏​ជា​ដំណឹង​ដែល​គ្មាន​ភស្តុតាង​បញ្ជាក់​នោះ​ឡើយ ។ យើង​ត្រូវ​តែ​រក​ប្រភព​ឲ​បាន​លើស​ពី​មួយ​សម្រាប់​ព័ត៌មាន​របស់​យើង​តាម​ការ​ ដែល​អាច​ធ្វើ​បាន ។ យើង​ត្រូវ​តែ​មាន​ភាព​ឯករាជ​ពី​គណបក្ស​នយោបាយ ក្រុម​ប្រឆាំង អង្គការ​ដែល​នៅ​ក្រៅ​ប្រទេស ឬក៏​សាសនា​នានា ហើយ​យើង​ក៏​មិន​គាំទ្រ​ដល់​ទស្សនៈ​នយោបាយ​ណា​មួយ​ឡើយ ។

យើង​ត្រូវ​បញ្ជាក់​អត្តសញ្ញាណ​នៃ​អ្នក​បរិច្ចាគ​ ស្នា​ដៃ​ពី​ខាង​ក្រៅ​ ដោយ​ប្រកាស​នៅ​ចុង​បញ្ចប់​នៃ​ការ​អត្ថាធិប្បាយ​របស់​អ្នក​នោះ​ថា​ ការបញ្ចេញ​មតិ​របស់​អ្នក​នោះ​មិន​មែន​ជា​ទស្សនៈ ឬ​យោបល់​របស់​វិទ្យុ​អាស៊ី​សេរី​ឡើយ ។

ការ​បញ្ជាក់​អំពី​ប្រភព​ឲ​បាន​ពេញ​លេញ

នយោជិត​របស់​វិទ្យុ​អាស៊ី​សេរី មិន​ត្រូវ​ទទួល​យក​អំណោយ ឬក៏​ការ​ធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​ពី​ប្រភព​ព័ត៌មាន​ឡើយ ។ នៅ​ពេល​ណា​ដែល​យើង​យក​ព័ត៌មាន​ពី​ស្ថាប័ន​ព័ត៌មាន​ផ្សេង​ទៀត យើង​នឹង​បញ្ជាក់​យ៉ាង​ពេញ​លេញ​ថា យើង​បាន​ស្រង់​ព័ត៌មាន​ពី​ស្ថាប័ន​នោះ ។

នៅ​ពេល​យើង​មាន​កំហុស​ក្នុង​ការ​ផ្សាយ​តាម​រលក​ធាតុ ​អាកាស ឬក៏​នៅ​លើ​ប្រព័ន្ធ​ទំព័រ​វ៉ិបសាយ យើង​នឹង​ទទួល​ស្គាល់​កំហុស​ចំពោះ​អ្នក​ស្ដាប់ និង​អ្នក​អាន​របស់​យើង ក៏​ដូច​ជា​ធ្វើ​សេចក្ដី​កែ​តម្រូវ​ផង​ដែរ ។

យើង​មិន​ត្រូវ​ទទួល​យក​ការងារ​ខាង​ក្រៅ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ចំពោះ​វិទ្យុ​អាស៊ី​សេរី ឡើយ ។ ជន​ណា​ក៏​ដោយ ដែល​ទទូល​យក​ការ​ទទួល​ខុស​ត្រូវ​សំខាន់​នៅ​ខាង​ក្រៅ ដោយ​រាប់​បញ្ចូល​ទាំង​ការ​ថ្លែង​សុន្ទរកថា និង​ការ​បង្ហាញ​ខ្លួន​ជា​សារធាណៈ​ផ្សេង​ទៀត ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​របស់​វិទ្យុ​អាស៊ី​សេរី ត្រូវ​តែ​ទទួល​បាន​ការអនុញ្ញាត​ជាមុន​សិន ។

អ្នក​ធ្វើការ​តាម​កុងត្រា ត្រូវ​ប្រកាន់​ខ្ជាប់​តាម​បទដ្ឋាន​របស់វិទ្យុ​អាស៊ី​សេរី

ក្នុង​ការ​ប្រមូល​ព័ត៌មាន​សម្រាប់​ការ​សរសេរ​ដំណឹង អ្នក​យក​ព័ត៌មាន​របស់​យើង មិន​ត្រូវ​ណែនាំ​ខ្លួន​ឯង ថាជា​អ្វី​ផ្សេង​ពី​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ឡើយ ។

យើង​នឹង​ផ្តល់​កុងត្រា​ការងារ​ដល់​អ្នក​ជំនាញ ដូចជា​អ្នក​និពន្ធ អ្នកបញ្ចេញ​មតិ​លើ​ផ្នែក​អក្សរសាស្រ្ត ប្រវត្តិវិទូ និងអ្នក​ជំនាញ​ផ្សេង​ទៀត ។ ក្នុង​រាល់​ករណី​ទាំង​អស់ វិទ្យុ​អាស៊ី​សេរី សូម​រក្សា​សិទ្ធិ​ធ្វើ​ការ​កែ​សម្រួល​លើ​ការងារ​របស់​អ្នក​ទាំង​នោះ ហើយ​ធ្វើ​ការសម្រេច​ចិត្ត​ថាតើ​អ្វីខ្លះ​ដែល​ត្រូវ​ផ្សាយ​តាម​រលក​ធាតុ​ អាកាស ឬក៏​តាម​គេហទំព័រ​របស់​យើង ។ អ្នក​ធ្វើការ​តាម​កុងត្រា​របស់​វិទ្យុ​អាស៊ី​សេរី​គួរ​តែ​ប្រកាន់​ខ្ជាប់​ នូវ​បទដ្ឋាន​ក្រម​សីលធម៌​វិជ្ជា​ជីវសារពត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី ៕

 

©2009 chomsarou | by TNB