Thursday 10 December 2009

បក្ស​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ផ្ដល់​ស្ថិតិ​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា

បក្ស​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ផ្ដល់​ស្ថិតិ​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា

2009-12-10

គណបក្ស ​សិទ្ធិ​មនុស្ស​បាន​ស្នើ​អន្តរាគមន៍​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ផ្តល់​ស្ថិតិ​នៃ​ជន​អន្តោប្រវេសន៍​ដែល​បាន​ចូល​សញ្ជាតិ​ជា​ខ្មែរ ក្រោយ​ពី​ការ​សង្កេត​ឃើញ​ថា ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ជា​ពិសេស​វៀតណាម មាន​វត្តមាន​កាត់​តែ​ច្រើន​ឡើងៗ​នៅ​កម្ពុជា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។

RFA/Ouk Savborey

អ្នក​លក់​ដូរ​តាម​ទូក​ជា​ជនជាតិ​វៀតណាម នៅ​ក្នុង​ខែត្រ​ពោធិ៍សាត់។

នៅ​ក្នុង​លិខិត​លើក​ទី​ពីរ​របស់​គណបក្ស​នេះ ដែល​ចុះ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ផ្ញើ​ជូន​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា លោក អ៊ូ ច័ន្ទឫទ្ធិ តំណាង​រាស្ត្រ​មណ្ឌល​កណ្តាល​នៃ​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ពី​គោល​បំណង​នៃ​ការ​សរសេរ​លិខិត​ ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ជួយ​ផ្តល់​ស្ថិតិ​ជន​អន្តោប្រវេសន៍​ដែល​បាន​ចូល​សញ្ជាតិ​ខ្មែរ​ដូច្នេះ ៖ «ការ ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ជា​អ្នក​តំណាង​រាស្រ្ដ ក៏​ដូច​ជា​ប្រជាពលរដ្ឋ លោក​ឃើញ​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ច្រើន​នៅ​ក្នុង​ប្រទេស​ កម្ពុជា។ ក្នុង​នាម​ជា​អ្នក​តំណាង​រាស្រ្ដ ខ្ញុំ​សរសេរ​លិខិត​មួយ​ដើម្បី​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ក៏​ដូច​ជា​រដ្ឋាភិបាល​បំភ្លឺ ចង់​ដឹង​ថា តើ​នរណា​ខ្លះ​មក​រស់​នៅ​ប្រទេស​កម្ពុជា​យើង​ស្រប​ច្បាប់ មាន​ន័យ​ថា បាន​ចូល​សញ្ជាតិ​ខ្មែរ។ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​លោក​ទៅ​រស់​នៅ បាន​ចូល​ទៅ​ប្រទេស​ដទៃ ឬ​គេ​បាន​បញ្ជូន​មក​ដូច​គ្នា​អ៊ីចឹង ប៉ុន្តែ​ប្រទេស​កម្ពុជា​យើង​អត់​ដែល​ឃើញ​ចាត់​វិធានការ​ចំពោះ​អ្នក​មក​រស់​ នៅ​ប្រទេស​កម្ពុជា​ខុស​ច្បាប់​ទេ»

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​ទទួល​បាន​ការ​បំភ្លឺ​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​នៅ​ឡើយ​ទេ ជុំវិញ​ករណី​ជន​អន្តោប្រវេសន៍​ដែល​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូល​សញ្ជាតិ​ខ្មែរ តាម​សំណើ​របស់​គណបក្ស​សិទ្ធិ​មនុស្ស ខណៈ​លោក ខៀវ សុភ័គ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ក្រសួង​នៅ​ពុំ​ទាន់​ទទួល​បាន​លិខិត​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ជា​ផ្លូវ​ការ ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ​នេះ ៖ «អត់​ទាន់​ឃើញ​លិខិត​ហ្នឹង​ផង»

លោក អ៊ូ ច័ន្ទឫទ្ធិ តំណាង​រាស្ត្រ​បក្ស​សិទ្ធិ​មនុស្ស​មាន​ប្រសាសន៍​ថា គណបក្ស​សិទ្ធិ​មនុស្ស​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​វត្តមាន​របស់​ ជន​អន្តោប្រវេសន៍​ដែល​មាន​វត្តមាន​កាន់​តែ​ច្រើន​ឡើង​នៅ​កម្ពុជា ដោយ​​​​បារម្ភ​ខ្លាច​ថា ជន​អន្តោប្រវេសន៍​ទាំង​នេះ​អាច​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ថ្ងៃ​ណា​មួយ​នៅ​ពេល​ អនាគត​ក្នុង​ប្រទេស​កម្ពុជា។

លោក អ៊ូ ច័ន្ទឫទ្ធិ មាន​ប្រសាសន៍​ដូច្នេះ ៖ «ជា​ទូទៅ​ខ្ញុំ​ក៏ដោយ ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដោយ លោក​យល់​ឃើញ​ថា ប្រជាពលរដ្ឋ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ច្រើន​ជាង​គេ គឺ​ជន​ជាតិ​វៀតណាម ដែល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ វា​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ច្រើន នាំ​បញ្ហា​គ្រោះថ្នាក់​ដល់​កម្ពុជា ដូចជា​បច្ចុប្បន្ន សូម្បី​តែ​ការងារ គេ​អាច​យក​ការងារ​ពី​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ថ្ងៃ​ក្រោយ​ឈាន​ដល់​ការ​បាត់បង់​ទឹក​ដី​ក៏​អាច​បាន​ដែរ បើ​សិន​ជា​យើង​មិន​ចាត់​វិធានការ​ដោះស្រាយ​ចំពោះ​អ្នក​ដែល​មក​នៅ​ខុស​ច្បាប់ ​នេះ»

កន្លង​មក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ កម្ពុជា ធ្លាប់​បាន​អះអាង​ថា ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម បាន​ហូរ​ចូល​មក​កម្ពុជា​យ៉ាង​សន្ធឹកសន្ធាប់ ប៉ុន្តែ​រាល់​លើក​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​នូវ​ដំណឹង​នេះ។

ជាមួយ​គ្នា​នឹង​ការ​ព្រួយ​បារម្ភ ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​បាន​ទទូច​ឲ្យ​មាន​ការ​ឆែកឆេរ ត្រួត​ពិនិត្យ​តឹងរ៉ឹង និង​បង្កើត​ឲ្យ​មាន​ក្រសួង​​​​អន្តោប្រវេសន៍​ដាច់​ដោយ​ឡែក​មួយ សម្រាប់​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ដែល​ត្រូវ​គេ​អះអាង​ថា មាន​វត្តមាន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​ហាក់​មាន​ការ​ធ្វេស​ប្រហែស​និង​ព្រងើយ​កន្តើយ៕
Readmer

កាស៊ីណូ​មួយ​នៅ​បាវិត​ផ្អាក​ធ្វើ​អាជីវកម្ម​ព្រោះ​គ្មាន​អ្នក​ចូល​លេង ដោយ មុំ សុផុន


កាស៊ីណូ​មួយ​នៅ​បាវិត​ផ្អាក​ធ្វើ​អាជីវកម្ម​ព្រោះ​គ្មាន​អ្នក​ចូល​លេង
ដោយ មុំ សុផុន
2009-12-05

កាស៊ីណូ ​ឬ​បន​ល្បែង​មួយ​កន្លែង​ឈ្មោះ Queen Crown នៅ​ឯ​ច្រក​បាវិត​នៃ​ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​ប្រទេស​វៀតណាម បាន​បិទ​ទ្វារ​ផ្អាក​ធ្វើ​អាជីវកម្ម​ហើយ​កាល​ពី​ថៃ្ង​ទី​១ ខែ​ធ្នូ​នេះ ដោយសារ​តែ​គ្មាន​អ្នក​ចូល​លេង​ល្បែង​និង​គ្មាន​ប្រាក់​ចំណូល​ធ្វើ​ឲ្យ​ក្ស័យ ​ធន។

ស្រ្តី​ជា​បុគ្គលិក​ម្នាក់​ដែល​បាន​បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ​ រយៈពេល ២​ឆ្នាំ​មក​ហើយ​នោះ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថៃ្ង​សៅរ៍​នេះ​ថា អ្នក​ស្រី​កំពុង​តែ​រក​ការងារ​ផ្សេង​ធ្វើ​វិញ ក្រោយ​ពី​គេ​បាន​ប្រកាស​បិទ​កាល​ពី​ដើម​ខែ​ធ្នូ​នេះ ដោយសារ​តែ​នៅ​ក្នុង​កាស៊ីណូ​នោះ​មិន​មាន​ភ្ញៀវ​ចូល​លេង​ល្បែង។

កាស៊ីណូ​ឈ្មោះ Queen Crown នោះ មាន​បុគ្គលិក​ចំនួន​ប្រមាណ ៣០០​នាក់ បាន​បើក​ធ្វើ​អាជីវកម្ម​បន​ល្បែង​នោះ​តាំង​ពី​ឆ្នាំ​២០០៥ កន្លង​មក៕
Readmer

សុខភាព​ជា​ស៊ីម​ប្រសើរ​ក្រោយ​ពេល​ទៅ​ព្យាបាល​នៅ​សិង្ហបុរី ដោយ កែវ និមល


សុខភាព​ជា​ស៊ីម​ប្រសើរ​ក្រោយ​ពេល​ទៅ​ព្យាបាល​នៅ​សិង្ហបុរី
ដោយ កែវ និមល
2009-12-07

លោក ​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ ធ្នូ ឲ្យ​ដឹង​ថា លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាប្រធាន​ព្រឹទ្ធសភា បាន​មាន​ជំងឺ​ហើយ​ដឹក​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​យប់​ថ្ងៃ​ទី​៦ ធ្នូ កន្លង​ទៅ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ខេត្ត​កំពត ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ សុខភាព​របស់​លោក ជា ស៊ីម មាន​សភាព​គ្រាន់​បើ​ជាង​មុន​ហើយ។

លោក ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ ៖ «សភាព​ការណ៍​នៅ​ពេល​នេះ​អត់​មាន​អី​ទេ សុខភាព​គាត់​ធម្មតា​ឡើង​វិញ ប៉ុន្តែ​ចាំបាច់​ណាស់​នូវ​ការ​ពិនិត្យ​បែប​នេះ»៕
Readmer

អតីត​ព្រះមហាក្សត្រ​ប្រសិទ្ធពរ​ឲ្យ​ជាស៊ីម​ឆាប់​ជា​សះស្បើយ ដោយ ឃឹម សារ៉ង


អតីត​ព្រះមហាក្សត្រ​ប្រសិទ្ធពរ​ឲ្យ​ជាស៊ីម​ឆាប់​ជា​សះស្បើយ
ដោយ ឃឹម សារ៉ង
2009-12-09

អតីត ​ព្រះមហាក្សត្រ​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ប្រសិទ្ធពរ​សូម​ឲ្យ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា​ឆាប់​បាន​ជា​សះ​ស្បើយ​ពី​រោគា ដើម្បី​វិល​ត្រឡប់​មក​មាតុ​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព។

លោក ជា ស៊ីម បាន​អញ្ជើញ​ទៅ​ធ្វើការ​ត្រួត​ពិនិត្យ និង​ព្យាបាល​រោគ​ជា​បន្ទាន់​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ព្រឹក​ទី​៦ ខែ​ធ្នូ កន្លង​ទៅ។

ក្នុង​ព្រះ​រាជ​សារ​ចុះ​ថ្ងៃ​ទី​៦ ធ្នូ ២០០៩ សម្តេច​ព្រះ​នរោត្តម សីហនុ ក៏​បាន​ប្រសិទ្ធពរ​លោក ជា ស៊ីម សូម​ប្រកប​តែ​នឹង​សុភមង្គល សុខភាព​បរិបូរ អាយុ​យឺនយូរ​ជា​ដរាប៕
Readmer

នាយករដ្ឋមន្ត្រី​ទៅ​ចូល​រួម​​បើក​ការ​ប្រកួត​ស៊ីហ្គេម​នៅ​លាវ ដោយ មុំ សុផុន


នាយករដ្ឋមន្ត្រី​ទៅ​ចូល​រួម​​បើក​ការ​ប្រកួត​ស៊ីហ្គេម​នៅ​លាវ
ដោយ មុំ សុផុន
2009-12-09

លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​ទៅ​ចូល​រួម​ជា​អធិបតី​បើក​ការ​ប្រកួត​ស៊ីហ្គេម (Sea Games) លើក​ទី​២៥ នៅ​ឯ​ប្រទេស​លាវ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ នេះ និង​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​កីឡាការិនី​នៃ​ប្រទេស​ កម្ពុជា។

លោក ស៊្រី ថាមរុង្គ ទី​ប្រឹក្សា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រួម​ដំណើរ​ទៅ​ចូល​រួម​បើក​ការ​ប្រកួត​នោះ​ដែរ បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មុន​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ចេញ​ដំណើរ​យ៉ាង​ដូច្នេះ​ថា ៖ «កម្មវិធី ​ពេល​ទៅ​ដល់​ហ្នឹង ក្រោយ​ទៅ​ដល់​សម្ដេច​នាយករដ្ឋមន្រ្តី​នឹង​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​ ឯកឧត្ដម​នាយករដ្ឋមន្រ្តី ប៊ូសន បូផាវ៉ាន់ (Bouasone Bouphavanh) នៅ​ឯ​ទី​ស្ដីការ​គណៈរដ្ឋមន្រ្តី បន្ទាប់​មក​គឺ​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកឧត្ដម ជុំម៉ាលី សៃយ៉ាសន ប្រធាន​រដ្ឋ​របស់​លាវ ប្រធានាធិបតី​របស់​លាវ បន្ទាប់​មក​នៅ​ពេល​ល្ងាច​ម៉ោង​ប្រហែល​៦ សម្ដេច​នាយករដ្ឋមន្រ្តី​និង​គណៈប្រតិភូ​នឹង​ចូល​រួម​ក្នុង​ពិធី​បើក​កីឡា​ ស៊ីហ្គេម​លើក​ទី​២៥ និង​បន្ទាប់​មក​មាន​ពិធី​ជប់លៀង​ដ៏​ធំ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​ នាយករដ្ឋមន្រ្តី​ចំពោះ​ភ្ញៀវ​ដែល​ប្រមុខ​រដ្ឋាភិបាល​និង​ថ្នាក់​ដឹកនាំ​នៃ​ ប្រទេស​ដែល​ចូល​ក្នុង​កីឡា​ស៊ីហ្គេម​នេះ»។

លោក​បាន​ថ្លែង​ទៀត​ថា កីឡាករ​និង​កីឡាការិនី​នៃ​ប្រទេស​កម្ពុជា ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​នៅ​ឯ​ប្រទេស​លាវ​នោះ​មាន​ចំនួន​១២១​ នាក់ ដោយ​មាន​កីឡាករ​ចំនួន​៩០​នាក់ កីឡាការិនី​៣១​នាក់ ហើយ​គ្រូ​បង្ហាត់​និង​អ្នក​ដឹកនាំ​កីឡាករ កីឡាការិនី គ្រូ​បង្ហាត់​និង​ថ្នាក់​ដឹកនាំ​គណៈប្រតិភូ​ចំនួន​៥៧​នាក់​ទៀត។

លោក​ថ្លែង​ទៀត​ថា កីឡាករ​កីឡាការិនី​ខ្មែរ​នឹង​ចូល​រួម​ប្រកួត​លើ​វិញ្ញាសា​ចំនួន​១៩ ហើយ​ប្រភេទ​កីឡា​ដែល​កីឡាករ​កីឡាការិនី​មាន​សក្តានុពល​អាច​ដណ្តើម​បាន​មេដាយ ​មាន​ប៉េតង់ តៃក្វាន់ដូ អត្តពលកម្ម ចម្បាប់ បាល់​ទះ​ឆ្នេរ​ខ្សាច់ ប្រដាល់​សកល វាយ​កូន​បាល់​និង​កីឡា​ផ្សេងៗ​ទៀត។

ការ​ប្រកួត​កីឡា​ស៊ីហ្គេម នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ នៅ​ឯ​ទីក្រុង​វៀងចាន់ ប្រទេស​លាវ៕
Readmer

ការ​អនុវត្ត​របស់​រដ្ឋាភិបាល ដោយ ឃឹម សារ៉ង


ការ​អនុវត្ត​របស់​រដ្ឋាភិបាល
ដោយ ឃឹម សារ៉ង
2009-12-10

គណបក្ស ​សិទ្ធិ​មនុស្ស​បាន​ស្នើ​ដល់​ម្ចាស់​ជំនួយ​ទាំង​អស់​ដែល​មាន​បំណង​ជួយ​ ពលរដ្ឋ​ខ្មែរ តាម​ដាន​ការ​អនុវត្ត​ឲ្យ​បាន​ពិត​ប្រាកដ​នូវ​អ្វី​ដែល​រដ្ឋាភិបាល​ខ្មែរ​បាន ​សន្យា នៅ​មុន​ពេល​ជិត​ដល់​ការ​ប្រជុំ​សុំ​ជំនួយ​ពី​បរទេស។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១០ ធ្នូ​២០០៩ ដែល​ចំ​នឹង​ខួប​ទី​៦១ នៃ​សេចក្តី​ថ្លែង​ការណ៍​ជា​សកល​អំពី​សិទ្ធិ​មនុស្ស គណបក្ស​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា នៅ​ពេល​ជិត​ដល់​ការ​ប្រជុំ​សុំ​ជំនួយ​ពី​បរទេស រដ្ឋាភិបាល​តែង​តែ​លើក​យក​ច្បាប់​នេះ​ច្បាប់​នោះ​មក​ជន្ល​ម្ចាស់​ជំនួយ​និង​ សន្យា​គ្រប់​យ៉ាង ប៉ុន្តែ​បន្ទាប់​ពី​បាន​ទទួល​ជំនួយ​ហើយ រដ្ឋាភិបាល​តែង​ធ្វើ​មិន​ដឹង​មិន​ឮ​ពី​បញ្ហា​ទាំង​នោះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន គណបក្ស​សិទ្ធិ​មនុស្ស​បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ​តាម​ដាន​បញ្ហា​ មួយ​ចំនួន​ដូចជា ត្រូវ​លើក​កម្ពស់​សិទ្ធិ​បញ្ចេញ​មតិ ដោយ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​បាន​កម្រិត​សិទ្ធិ​អ្នក​តំណាង​ រាស្ត្រ កែ​ប្រែ​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ភាព​ឯករាជ្យ​ពិត​ប្រាកដ។ ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ត្រូវ​ឲ្យ​ចេញ​បាន​ឆាប់​បំផុត និង​សូម​ឲ្យ​មាន​អានុភាព​ប្រតិសកម្ម​ផង។ បញ្ឈប់​ការ​ដេញ​ប្រជាពលរដ្ឋ​ដោយ​យក​លេស​អភិវឌ្ឍន៍​បែប​ក្លែងក្លាយ។ ក្នុង​ករណី​ប៉ះពាល់​ដល់​សម្បត្តិ​ពលរដ្ឋ គឺ​ត្រូវ​ផ្តល់​សំណង​ជូន​គាត់​ជា​មុន​ឲ្យ​បាន​សមរម្យ។ បញ្ឈប់​ការ​រើស​អើង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មក​រស់​នៅ​កម្ពុជា និង​គប្បី​ផ្តល់​សិទ្ធិ​ជូន​គាត់​ឲ្យ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផង​ដែរ៕
Readmer

IMF៖ ​ប្រព័ន្ធ​ធនាគារ​ខ្មែរ​ខ្សោយ


IMF៖ ​ប្រព័ន្ធ​ធនាគារ​ខ្មែរ​ខ្សោយ
2009-12-10

អង្គការ ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ថា ប្រទេស​កម្ពុជាត្រូវ​​ពង្រឹង​ប្រព័ន្ធ​ធនាគារ​​ឲ្យ​បាន​ល្អ​ ហើយ​ប្រញាប់​ជំរុញ​​លើក​ស្ទួយ​តម្រូវការ​ដើម​ទុន​អប្បបរិមា​សម្រាប់​​តម្កល់ ​ទុក​ក្នុង​ធនាគារ​។

ទីភ្នាក់ងារ​ព័ត៌មាន DPA រាយការណ៍​ពី​ថ្ងៃ​ពុធ​ដោយ​ស្រង់​ពី​របាយការណ៍​របស់ IMF ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​នោះ គឺ​បន្ទាប់​ពី​ទស្សនកិច្ច​របស់​មន្ត្រី IMF មួយ​ក្រុម​កាល​ពី​ខែ​កញ្ញា។ របាយការណ៍​លើក​ឡើង​ថា បញ្ហា​ស្មុគស្មាញ​ជាប់​ទាក់ទង​នឹង​ប្រព័ន្ធ​ធនាគារ​របស់​ខ្មែរ​បាន​រីក​ កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក។

ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ រួម​មាន​ការ​មើល​ថែ​គ្រប់គ្រង​មិន​បាន​គ្រប់គ្រាន់​ពី​សំណាក់​អាជ្ញាធរ ការ​ចាត់​ចែង​ខ្សោយ ប្រថុយ​ប្រថាន​ពី​ធនាគារ​ក្នុង​ការ​វាយ​តម្លៃ​វត្ថុ​សម្រាប់​តាង​បំណុល​ ជំពាក់ ឬ​វត្ថុ​សម្រាប់​បញ្ចាំ ហើយ​និង​ឥណទាន​ឲ្យ​ខ្ចី​កើន​លើស​លុប​ពេក។

ក្រុម​មន្ត្រី IMF និយាយ​ថា អាជ្ញាធរ​ត្រូវតែ​បង្ខំ​អនុវត្ត​ម៉ឹងម៉ាត់​នូវ​ផែនការ​កែ​តម្រូវ និង​ជំរុញ​ធនាគារ​ឲ្យ​អនុវត្ត​តាម​តម្រូវការ​ទុន​អប្បរិមា​ថ្មី ឲ្យ​បាន​មុន​ចុង​ឆ្នាំ​២០១០។ របាយការណ៍​លើក​ឡើង​ទៀត​ថា ធនាគារ​កណ្តាល​គប្បី​ជ្រើសរើស​បុគ្គលិក​បន្ថែម​ទៀត​ដើម្បី​ធានា​ថា អាច​តាមដាន​យ៉ាង​ត្រឹមត្រូវ​នូវ​ធនាគារ​ក្នុង​កម្ពុជា៕
Readmer

ខ្មែរ​កម្ពុជា​ក្រោម​ទាម​ទារ​សិទ្ធិ


ខ្មែរ​កម្ពុជា​ក្រោម​ទាម​ទារ​សិទ្ធិ

2009-12-10

ខែ្មរ ​កម្ពុជាក្រោម​ជាង ៣០០​នាក់​ប្រារព្ធទិវា​សិទ្ធិមនុស្ស​ដោយ​ស្ងាត់ស្ងៀម​នៅ​ក្នុង​បរិវេណ​ គេហដ្ឋាន ទាម​ទារ​សិទ្ធិរបស់​ខែ្មរ​កម្ពុជាក្រោម​នៅ​លើ​ទឹក​ដី​​កម្ពុជា។

ប្រជា​ពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ជាង ៣០០​នាក់ បាន​រួម​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦១ នៅ​ថៃ្ង​ព្រហស្បតិ៍​នេះ ដោយ​ស្ងាត់ស្ងៀម​នៅ​ក្នុង​បរិវេណ​គេហដ្ឋាន​របស់​តំណាង​រាស្រ្ត​គណបក្ស សមរង្ស៊ី គឺ​លោក យុទ្ធ ថារ៉ូ ដើម្បី​ទាមទារ​សិទ្ធិ​មនុស្ស​របស់​ខែ្មរ​កម្ពុជា​ក្រោម​នៅ​លើ​ទឹក​ដី​ខែ្មរ​ កម្ពុជា​ក្រោម។

លោក ថាច់ សេដ្ឋា ជា​ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា យើង​ចង់​បង្ហាញ​ថា គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ត្រូវការ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​យើង​ចង់ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តោត​ការ​យក​ចិត្ត​ទុក្ខ​ដាក់​ចំពោះ​ខ្មែរ​ កម្ពុជាក្រោម​ដែល​បាន​ភៀស​ខ្លួន និង​កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ផ្តល់​ភាព​ស្រប​ច្បាប់​នានា​ ដើម្បី​ឲ្យ​ពួក​គាត់​ងាយ​ស្រួលរក​ការងារ​ធ្វើ។

ពិធី​នោះ​បាន​ធ្វើ​ ទ្បើង​នៅ​ក្នុង​ផ្ទះ នៅ​គ្រា​ដែល​ការ​ស្នើសុំ​រៀប​ចំ​ពិធី​នោះ​នៅ​ក្នុង​រមណីយដ្ឋាន​មួយ​នៅ​ក្នុង ​ទីក្រុង​ភ្នំពេញ មិន​ត្រូវ​បាន​ឆ្លើយ​តប​ទាន់​ពេល​វេលា​ពី​អាជ្ញាធរ។

មាន ​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី, គណបក្ស​សិទ្ធិ​មនុស្ស, គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម និង​មន្រ្តី​អាជ្ញាធរ​មូលដ្ឋាន​ដើម​កំណើត​ខែ្មរ​កម្ពុជាក្រោម​មួយ​ចំនួន​បាន ​ចួលរួម​ផង​ដែរ៕
Readmer

ក្រមសីលធម៌


ក្រមសីលធម៌

ការ​ប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​វិជ្ជាជីវៈ​សារព័ត៌មាន​ខ្ពស់​គឺ​ជា​ចំណុច​ស្នូល​នៃ​បេសកកម្ម​របស់​វិទ្យុ​អាស៊ីសេរី ។

ព័ត៌មាន​ដែល​ត្រូវ​ផ្សាយ​លើ​រលក​ធាតុ​អាកាស ​និង​នៅ​លើ​ប្រព័ន្ធ​អ៊ិនថឹណិត ហើយ​និង​កម្មវិធី​ផ្សេងៗ​ទៀត​របស់​យើង​ត្រូវ​តែ​មាន​លក្ខុណៈ​សុក្រឹត ត្រឹម​ត្រូវ និង​មាន​តុល្យភាព។

ភាពចម្រុះ​នៃ​គំនិត និង​មតិយោបល់

យើង​ត្រូវ​តែ​រក្សា​នូវ​របៀប​និយាយ​ដែល​មាន​លក្ខណៈ​ ស្ងប់​ស្ងៀម និង​មិន​លាយឡំ​មនោសញ្ចេតនា​ឡើយ ហើយ​យើង​ក៏​ត្រូវ​ចៀស​វាង​ការ​បង្ក​ជម្លោះ ការឃោសនា និង​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទៅ​លើ​បុគ្គល​ណាម្នាក់ ក្រុម​ណាមួយ ឬក៏​រដ្ឋាភិបាល​ណា​មួយ​ផង​ដែរ ។ យើង​នឹង​មិន​បង្គាប់​បញ្ជា ឬក៏​និយាយ​មើល​ងាយ​អ្នក​ស្ដាប់​របស់​យើង​ឡើយ ។

យើង​មិន​ត្រូវ​ញុះញង់​អ្នក​ស្ដាប់​ឲ​បង្ក​អំពើ​ ហិង្សា ឬក៏​ជំរុញ​ឲ​មាន​ការ​បះ​បោរ ឬក៏ ការ​ចាក​ចោល​ស្រុក​នោះ​ឡើយ ។ យើង​បង្កើត​ជា​វេទិកា​សម្រាប់​ការបញ្ចេញ​មតិ និង​យោបល់​ផ្សេងៗ ពី​គ្រប់​មជ្ឈដ្ឋាន ។

ទាំង​និពន្ធ​នាយក​នៃ​គេហ​ទំព័រ​វ៉ិបសាយ និង​ទាំង​អ្នក​ផ្សាយ​ព័ត៌មាន​តាម​រលក​ធាតុ​អាកាស ត្រូវ​តែ​ធានា​ថា ព័ត៌មាន​ដែល​ត្រូវ​ផ្សាយ ឬក៏​ត្រូវ​បោះ​ពុម្ព​លើ​គេហទំព័រ មិន​មែន​ជា​ព័ត៌មាន​ចចាម​អារ៉ាម ឬក៏​ជា​ដំណឹង​ដែល​គ្មាន​ភស្តុតាង​បញ្ជាក់​នោះ​ឡើយ ។ យើង​ត្រូវ​តែ​រក​ប្រភព​ឲ​បាន​លើស​ពី​មួយ​សម្រាប់​ព័ត៌មាន​របស់​យើង​តាម​ការ​ ដែល​អាច​ធ្វើ​បាន ។ យើង​ត្រូវ​តែ​មាន​ភាព​ឯករាជ​ពី​គណបក្ស​នយោបាយ ក្រុម​ប្រឆាំង អង្គការ​ដែល​នៅ​ក្រៅ​ប្រទេស ឬក៏​សាសនា​នានា ហើយ​យើង​ក៏​មិន​គាំទ្រ​ដល់​ទស្សនៈ​នយោបាយ​ណា​មួយ​ឡើយ ។

យើង​ត្រូវ​បញ្ជាក់​អត្តសញ្ញាណ​នៃ​អ្នក​បរិច្ចាគ​ ស្នា​ដៃ​ពី​ខាង​ក្រៅ​ ដោយ​ប្រកាស​នៅ​ចុង​បញ្ចប់​នៃ​ការ​អត្ថាធិប្បាយ​របស់​អ្នក​នោះ​ថា​ ការបញ្ចេញ​មតិ​របស់​អ្នក​នោះ​មិន​មែន​ជា​ទស្សនៈ ឬ​យោបល់​របស់​វិទ្យុ​អាស៊ី​សេរី​ឡើយ ។

ការ​បញ្ជាក់​អំពី​ប្រភព​ឲ​បាន​ពេញ​លេញ

នយោជិត​របស់​វិទ្យុ​អាស៊ី​សេរី មិន​ត្រូវ​ទទួល​យក​អំណោយ ឬក៏​ការ​ធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​ពី​ប្រភព​ព័ត៌មាន​ឡើយ ។ នៅ​ពេល​ណា​ដែល​យើង​យក​ព័ត៌មាន​ពី​ស្ថាប័ន​ព័ត៌មាន​ផ្សេង​ទៀត យើង​នឹង​បញ្ជាក់​យ៉ាង​ពេញ​លេញ​ថា យើង​បាន​ស្រង់​ព័ត៌មាន​ពី​ស្ថាប័ន​នោះ ។

នៅ​ពេល​យើង​មាន​កំហុស​ក្នុង​ការ​ផ្សាយ​តាម​រលក​ធាតុ ​អាកាស ឬក៏​នៅ​លើ​ប្រព័ន្ធ​ទំព័រ​វ៉ិបសាយ យើង​នឹង​ទទួល​ស្គាល់​កំហុស​ចំពោះ​អ្នក​ស្ដាប់ និង​អ្នក​អាន​របស់​យើង ក៏​ដូច​ជា​ធ្វើ​សេចក្ដី​កែ​តម្រូវ​ផង​ដែរ ។

យើង​មិន​ត្រូវ​ទទួល​យក​ការងារ​ខាង​ក្រៅ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ចំពោះ​វិទ្យុ​អាស៊ី​សេរី ឡើយ ។ ជន​ណា​ក៏​ដោយ ដែល​ទទូល​យក​ការ​ទទួល​ខុស​ត្រូវ​សំខាន់​នៅ​ខាង​ក្រៅ ដោយ​រាប់​បញ្ចូល​ទាំង​ការ​ថ្លែង​សុន្ទរកថា និង​ការ​បង្ហាញ​ខ្លួន​ជា​សារធាណៈ​ផ្សេង​ទៀត ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​របស់​វិទ្យុ​អាស៊ី​សេរី ត្រូវ​តែ​ទទួល​បាន​ការអនុញ្ញាត​ជាមុន​សិន ។

អ្នក​ធ្វើការ​តាម​កុងត្រា ត្រូវ​ប្រកាន់​ខ្ជាប់​តាម​បទដ្ឋាន​របស់វិទ្យុ​អាស៊ី​សេរី

ក្នុង​ការ​ប្រមូល​ព័ត៌មាន​សម្រាប់​ការ​សរសេរ​ដំណឹង អ្នក​យក​ព័ត៌មាន​របស់​យើង មិន​ត្រូវ​ណែនាំ​ខ្លួន​ឯង ថាជា​អ្វី​ផ្សេង​ពី​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ឡើយ ។

យើង​នឹង​ផ្តល់​កុងត្រា​ការងារ​ដល់​អ្នក​ជំនាញ ដូចជា​អ្នក​និពន្ធ អ្នកបញ្ចេញ​មតិ​លើ​ផ្នែក​អក្សរសាស្រ្ត ប្រវត្តិវិទូ និងអ្នក​ជំនាញ​ផ្សេង​ទៀត ។ ក្នុង​រាល់​ករណី​ទាំង​អស់ វិទ្យុ​អាស៊ី​សេរី សូម​រក្សា​សិទ្ធិ​ធ្វើ​ការ​កែ​សម្រួល​លើ​ការងារ​របស់​អ្នក​ទាំង​នោះ ហើយ​ធ្វើ​ការសម្រេច​ចិត្ត​ថាតើ​អ្វីខ្លះ​ដែល​ត្រូវ​ផ្សាយ​តាម​រលក​ធាតុ​ អាកាស ឬក៏​តាម​គេហទំព័រ​របស់​យើង ។ អ្នក​ធ្វើការ​តាម​កុងត្រា​របស់​វិទ្យុ​អាស៊ី​សេរី​គួរ​តែ​ប្រកាន់​ខ្ជាប់​ នូវ​បទដ្ឋាន​ក្រម​សីលធម៌​វិជ្ជា​ជីវសារពត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី ៕

Readmer
 

©2009 chomsarou | by TNB