Thursday 10 December 2009

IMF៖ ​ប្រព័ន្ធ​ធនាគារ​ខ្មែរ​ខ្សោយ


IMF៖ ​ប្រព័ន្ធ​ធនាគារ​ខ្មែរ​ខ្សោយ
2009-12-10

អង្គការ ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ថា ប្រទេស​កម្ពុជាត្រូវ​​ពង្រឹង​ប្រព័ន្ធ​ធនាគារ​​ឲ្យ​បាន​ល្អ​ ហើយ​ប្រញាប់​ជំរុញ​​លើក​ស្ទួយ​តម្រូវការ​ដើម​ទុន​អប្បបរិមា​សម្រាប់​​តម្កល់ ​ទុក​ក្នុង​ធនាគារ​។

ទីភ្នាក់ងារ​ព័ត៌មាន DPA រាយការណ៍​ពី​ថ្ងៃ​ពុធ​ដោយ​ស្រង់​ពី​របាយការណ៍​របស់ IMF ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​នោះ គឺ​បន្ទាប់​ពី​ទស្សនកិច្ច​របស់​មន្ត្រី IMF មួយ​ក្រុម​កាល​ពី​ខែ​កញ្ញា។ របាយការណ៍​លើក​ឡើង​ថា បញ្ហា​ស្មុគស្មាញ​ជាប់​ទាក់ទង​នឹង​ប្រព័ន្ធ​ធនាគារ​របស់​ខ្មែរ​បាន​រីក​ កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក។

ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ រួម​មាន​ការ​មើល​ថែ​គ្រប់គ្រង​មិន​បាន​គ្រប់គ្រាន់​ពី​សំណាក់​អាជ្ញាធរ ការ​ចាត់​ចែង​ខ្សោយ ប្រថុយ​ប្រថាន​ពី​ធនាគារ​ក្នុង​ការ​វាយ​តម្លៃ​វត្ថុ​សម្រាប់​តាង​បំណុល​ ជំពាក់ ឬ​វត្ថុ​សម្រាប់​បញ្ចាំ ហើយ​និង​ឥណទាន​ឲ្យ​ខ្ចី​កើន​លើស​លុប​ពេក។

ក្រុម​មន្ត្រី IMF និយាយ​ថា អាជ្ញាធរ​ត្រូវតែ​បង្ខំ​អនុវត្ត​ម៉ឹងម៉ាត់​នូវ​ផែនការ​កែ​តម្រូវ និង​ជំរុញ​ធនាគារ​ឲ្យ​អនុវត្ត​តាម​តម្រូវការ​ទុន​អប្បរិមា​ថ្មី ឲ្យ​បាន​មុន​ចុង​ឆ្នាំ​២០១០។ របាយការណ៍​លើក​ឡើង​ទៀត​ថា ធនាគារ​កណ្តាល​គប្បី​ជ្រើសរើស​បុគ្គលិក​បន្ថែម​ទៀត​ដើម្បី​ធានា​ថា អាច​តាមដាន​យ៉ាង​ត្រឹមត្រូវ​នូវ​ធនាគារ​ក្នុង​កម្ពុជា៕
 

©2009 chomsarou | by TNB