Thursday 10 December 2009

ការ​អនុវត្ត​របស់​រដ្ឋាភិបាល ដោយ ឃឹម សារ៉ង


ការ​អនុវត្ត​របស់​រដ្ឋាភិបាល
ដោយ ឃឹម សារ៉ង
2009-12-10

គណបក្ស ​សិទ្ធិ​មនុស្ស​បាន​ស្នើ​ដល់​ម្ចាស់​ជំនួយ​ទាំង​អស់​ដែល​មាន​បំណង​ជួយ​ ពលរដ្ឋ​ខ្មែរ តាម​ដាន​ការ​អនុវត្ត​ឲ្យ​បាន​ពិត​ប្រាកដ​នូវ​អ្វី​ដែល​រដ្ឋាភិបាល​ខ្មែរ​បាន ​សន្យា នៅ​មុន​ពេល​ជិត​ដល់​ការ​ប្រជុំ​សុំ​ជំនួយ​ពី​បរទេស។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១០ ធ្នូ​២០០៩ ដែល​ចំ​នឹង​ខួប​ទី​៦១ នៃ​សេចក្តី​ថ្លែង​ការណ៍​ជា​សកល​អំពី​សិទ្ធិ​មនុស្ស គណបក្ស​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា នៅ​ពេល​ជិត​ដល់​ការ​ប្រជុំ​សុំ​ជំនួយ​ពី​បរទេស រដ្ឋាភិបាល​តែង​តែ​លើក​យក​ច្បាប់​នេះ​ច្បាប់​នោះ​មក​ជន្ល​ម្ចាស់​ជំនួយ​និង​ សន្យា​គ្រប់​យ៉ាង ប៉ុន្តែ​បន្ទាប់​ពី​បាន​ទទួល​ជំនួយ​ហើយ រដ្ឋាភិបាល​តែង​ធ្វើ​មិន​ដឹង​មិន​ឮ​ពី​បញ្ហា​ទាំង​នោះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន គណបក្ស​សិទ្ធិ​មនុស្ស​បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ​តាម​ដាន​បញ្ហា​ មួយ​ចំនួន​ដូចជា ត្រូវ​លើក​កម្ពស់​សិទ្ធិ​បញ្ចេញ​មតិ ដោយ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​បាន​កម្រិត​សិទ្ធិ​អ្នក​តំណាង​ រាស្ត្រ កែ​ប្រែ​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ភាព​ឯករាជ្យ​ពិត​ប្រាកដ។ ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ត្រូវ​ឲ្យ​ចេញ​បាន​ឆាប់​បំផុត និង​សូម​ឲ្យ​មាន​អានុភាព​ប្រតិសកម្ម​ផង។ បញ្ឈប់​ការ​ដេញ​ប្រជាពលរដ្ឋ​ដោយ​យក​លេស​អភិវឌ្ឍន៍​បែប​ក្លែងក្លាយ។ ក្នុង​ករណី​ប៉ះពាល់​ដល់​សម្បត្តិ​ពលរដ្ឋ គឺ​ត្រូវ​ផ្តល់​សំណង​ជូន​គាត់​ជា​មុន​ឲ្យ​បាន​សមរម្យ។ បញ្ឈប់​ការ​រើស​អើង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មក​រស់​នៅ​កម្ពុជា និង​គប្បី​ផ្តល់​សិទ្ធិ​ជូន​គាត់​ឲ្យ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផង​ដែរ៕
 

©2009 chomsarou | by TNB