Thursday 10 December 2009

នាយករដ្ឋមន្ត្រី​ទៅ​ចូល​រួម​​បើក​ការ​ប្រកួត​ស៊ីហ្គេម​នៅ​លាវ ដោយ មុំ សុផុន


នាយករដ្ឋមន្ត្រី​ទៅ​ចូល​រួម​​បើក​ការ​ប្រកួត​ស៊ីហ្គេម​នៅ​លាវ
ដោយ មុំ សុផុន
2009-12-09

លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​ទៅ​ចូល​រួម​ជា​អធិបតី​បើក​ការ​ប្រកួត​ស៊ីហ្គេម (Sea Games) លើក​ទី​២៥ នៅ​ឯ​ប្រទេស​លាវ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ នេះ និង​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​កីឡាការិនី​នៃ​ប្រទេស​ កម្ពុជា។

លោក ស៊្រី ថាមរុង្គ ទី​ប្រឹក្សា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រួម​ដំណើរ​ទៅ​ចូល​រួម​បើក​ការ​ប្រកួត​នោះ​ដែរ បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មុន​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ចេញ​ដំណើរ​យ៉ាង​ដូច្នេះ​ថា ៖ «កម្មវិធី ​ពេល​ទៅ​ដល់​ហ្នឹង ក្រោយ​ទៅ​ដល់​សម្ដេច​នាយករដ្ឋមន្រ្តី​នឹង​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​ ឯកឧត្ដម​នាយករដ្ឋមន្រ្តី ប៊ូសន បូផាវ៉ាន់ (Bouasone Bouphavanh) នៅ​ឯ​ទី​ស្ដីការ​គណៈរដ្ឋមន្រ្តី បន្ទាប់​មក​គឺ​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកឧត្ដម ជុំម៉ាលី សៃយ៉ាសន ប្រធាន​រដ្ឋ​របស់​លាវ ប្រធានាធិបតី​របស់​លាវ បន្ទាប់​មក​នៅ​ពេល​ល្ងាច​ម៉ោង​ប្រហែល​៦ សម្ដេច​នាយករដ្ឋមន្រ្តី​និង​គណៈប្រតិភូ​នឹង​ចូល​រួម​ក្នុង​ពិធី​បើក​កីឡា​ ស៊ីហ្គេម​លើក​ទី​២៥ និង​បន្ទាប់​មក​មាន​ពិធី​ជប់លៀង​ដ៏​ធំ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​ នាយករដ្ឋមន្រ្តី​ចំពោះ​ភ្ញៀវ​ដែល​ប្រមុខ​រដ្ឋាភិបាល​និង​ថ្នាក់​ដឹកនាំ​នៃ​ ប្រទេស​ដែល​ចូល​ក្នុង​កីឡា​ស៊ីហ្គេម​នេះ»។

លោក​បាន​ថ្លែង​ទៀត​ថា កីឡាករ​និង​កីឡាការិនី​នៃ​ប្រទេស​កម្ពុជា ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​នៅ​ឯ​ប្រទេស​លាវ​នោះ​មាន​ចំនួន​១២១​ នាក់ ដោយ​មាន​កីឡាករ​ចំនួន​៩០​នាក់ កីឡាការិនី​៣១​នាក់ ហើយ​គ្រូ​បង្ហាត់​និង​អ្នក​ដឹកនាំ​កីឡាករ កីឡាការិនី គ្រូ​បង្ហាត់​និង​ថ្នាក់​ដឹកនាំ​គណៈប្រតិភូ​ចំនួន​៥៧​នាក់​ទៀត។

លោក​ថ្លែង​ទៀត​ថា កីឡាករ​កីឡាការិនី​ខ្មែរ​នឹង​ចូល​រួម​ប្រកួត​លើ​វិញ្ញាសា​ចំនួន​១៩ ហើយ​ប្រភេទ​កីឡា​ដែល​កីឡាករ​កីឡាការិនី​មាន​សក្តានុពល​អាច​ដណ្តើម​បាន​មេដាយ ​មាន​ប៉េតង់ តៃក្វាន់ដូ អត្តពលកម្ម ចម្បាប់ បាល់​ទះ​ឆ្នេរ​ខ្សាច់ ប្រដាល់​សកល វាយ​កូន​បាល់​និង​កីឡា​ផ្សេងៗ​ទៀត។

ការ​ប្រកួត​កីឡា​ស៊ីហ្គេម នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ នៅ​ឯ​ទីក្រុង​វៀងចាន់ ប្រទេស​លាវ៕
 

©2009 chomsarou | by TNB