Thursday 10 December 2009

បក្ស​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ផ្ដល់​ស្ថិតិ​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា

បក្ស​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ផ្ដល់​ស្ថិតិ​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា

2009-12-10

គណបក្ស ​សិទ្ធិ​មនុស្ស​បាន​ស្នើ​អន្តរាគមន៍​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ផ្តល់​ស្ថិតិ​នៃ​ជន​អន្តោប្រវេសន៍​ដែល​បាន​ចូល​សញ្ជាតិ​ជា​ខ្មែរ ក្រោយ​ពី​ការ​សង្កេត​ឃើញ​ថា ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ជា​ពិសេស​វៀតណាម មាន​វត្តមាន​កាត់​តែ​ច្រើន​ឡើងៗ​នៅ​កម្ពុជា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។

RFA/Ouk Savborey

អ្នក​លក់​ដូរ​តាម​ទូក​ជា​ជនជាតិ​វៀតណាម នៅ​ក្នុង​ខែត្រ​ពោធិ៍សាត់។

នៅ​ក្នុង​លិខិត​លើក​ទី​ពីរ​របស់​គណបក្ស​នេះ ដែល​ចុះ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ផ្ញើ​ជូន​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា លោក អ៊ូ ច័ន្ទឫទ្ធិ តំណាង​រាស្ត្រ​មណ្ឌល​កណ្តាល​នៃ​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ពី​គោល​បំណង​នៃ​ការ​សរសេរ​លិខិត​ ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ជួយ​ផ្តល់​ស្ថិតិ​ជន​អន្តោប្រវេសន៍​ដែល​បាន​ចូល​សញ្ជាតិ​ខ្មែរ​ដូច្នេះ ៖ «ការ ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ជា​អ្នក​តំណាង​រាស្រ្ដ ក៏​ដូច​ជា​ប្រជាពលរដ្ឋ លោក​ឃើញ​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ច្រើន​នៅ​ក្នុង​ប្រទេស​ កម្ពុជា។ ក្នុង​នាម​ជា​អ្នក​តំណាង​រាស្រ្ដ ខ្ញុំ​សរសេរ​លិខិត​មួយ​ដើម្បី​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ក៏​ដូច​ជា​រដ្ឋាភិបាល​បំភ្លឺ ចង់​ដឹង​ថា តើ​នរណា​ខ្លះ​មក​រស់​នៅ​ប្រទេស​កម្ពុជា​យើង​ស្រប​ច្បាប់ មាន​ន័យ​ថា បាន​ចូល​សញ្ជាតិ​ខ្មែរ។ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​លោក​ទៅ​រស់​នៅ បាន​ចូល​ទៅ​ប្រទេស​ដទៃ ឬ​គេ​បាន​បញ្ជូន​មក​ដូច​គ្នា​អ៊ីចឹង ប៉ុន្តែ​ប្រទេស​កម្ពុជា​យើង​អត់​ដែល​ឃើញ​ចាត់​វិធានការ​ចំពោះ​អ្នក​មក​រស់​ នៅ​ប្រទេស​កម្ពុជា​ខុស​ច្បាប់​ទេ»

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​ទទួល​បាន​ការ​បំភ្លឺ​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​នៅ​ឡើយ​ទេ ជុំវិញ​ករណី​ជន​អន្តោប្រវេសន៍​ដែល​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូល​សញ្ជាតិ​ខ្មែរ តាម​សំណើ​របស់​គណបក្ស​សិទ្ធិ​មនុស្ស ខណៈ​លោក ខៀវ សុភ័គ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ក្រសួង​នៅ​ពុំ​ទាន់​ទទួល​បាន​លិខិត​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ជា​ផ្លូវ​ការ ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ​នេះ ៖ «អត់​ទាន់​ឃើញ​លិខិត​ហ្នឹង​ផង»

លោក អ៊ូ ច័ន្ទឫទ្ធិ តំណាង​រាស្ត្រ​បក្ស​សិទ្ធិ​មនុស្ស​មាន​ប្រសាសន៍​ថា គណបក្ស​សិទ្ធិ​មនុស្ស​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​វត្តមាន​របស់​ ជន​អន្តោប្រវេសន៍​ដែល​មាន​វត្តមាន​កាន់​តែ​ច្រើន​ឡើង​នៅ​កម្ពុជា ដោយ​​​​បារម្ភ​ខ្លាច​ថា ជន​អន្តោប្រវេសន៍​ទាំង​នេះ​អាច​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ថ្ងៃ​ណា​មួយ​នៅ​ពេល​ អនាគត​ក្នុង​ប្រទេស​កម្ពុជា។

លោក អ៊ូ ច័ន្ទឫទ្ធិ មាន​ប្រសាសន៍​ដូច្នេះ ៖ «ជា​ទូទៅ​ខ្ញុំ​ក៏ដោយ ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដោយ លោក​យល់​ឃើញ​ថា ប្រជាពលរដ្ឋ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ច្រើន​ជាង​គេ គឺ​ជន​ជាតិ​វៀតណាម ដែល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ វា​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ច្រើន នាំ​បញ្ហា​គ្រោះថ្នាក់​ដល់​កម្ពុជា ដូចជា​បច្ចុប្បន្ន សូម្បី​តែ​ការងារ គេ​អាច​យក​ការងារ​ពី​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ថ្ងៃ​ក្រោយ​ឈាន​ដល់​ការ​បាត់បង់​ទឹក​ដី​ក៏​អាច​បាន​ដែរ បើ​សិន​ជា​យើង​មិន​ចាត់​វិធានការ​ដោះស្រាយ​ចំពោះ​អ្នក​ដែល​មក​នៅ​ខុស​ច្បាប់ ​នេះ»

កន្លង​មក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ កម្ពុជា ធ្លាប់​បាន​អះអាង​ថា ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម បាន​ហូរ​ចូល​មក​កម្ពុជា​យ៉ាង​សន្ធឹកសន្ធាប់ ប៉ុន្តែ​រាល់​លើក​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​នូវ​ដំណឹង​នេះ។

ជាមួយ​គ្នា​នឹង​ការ​ព្រួយ​បារម្ភ ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​បាន​ទទូច​ឲ្យ​មាន​ការ​ឆែកឆេរ ត្រួត​ពិនិត្យ​តឹងរ៉ឹង និង​បង្កើត​ឲ្យ​មាន​ក្រសួង​​​​អន្តោប្រវេសន៍​ដាច់​ដោយ​ឡែក​មួយ សម្រាប់​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ដែល​ត្រូវ​គេ​អះអាង​ថា មាន​វត្តមាន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​ហាក់​មាន​ការ​ធ្វេស​ប្រហែស​និង​ព្រងើយ​កន្តើយ៕
 

©2009 chomsarou | by TNB